
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
ជូនចំពោះអតិថិជន ដៃគូអាជីវកម្ម ម្ចាស់ភាគហ៊ុន និងភាគីពាក់ព័ន្ធជាទីគោរព៖
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមីលី ម.ក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត ការគាំទ្រ និងជំនឿជាក់ដែលលោកអ្នកបានផ្តល់ជូនគ្រឹះស្ថានរបស់យើង ជាបន្តបន្ទាប់កន្លងមក។
ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ក្នុងអត្រា ៣,២ភាគរយ ក្នុងកំឡុងឆ្នាំ ២០២៥ ដោយមានកំណើន ធ្លាក់ចុះបន្តិចបើធៀបទៅនឹង ឆ្នាំ ២០២៤ ក្នុងអត្រា៣,៣ភាគរយ។ ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឃមានការកើនឡើនយ៉ាងយឺត ដែលកំណើននេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ១,៧ ភាគរយនៅឆ្នាំ ២០២៤ ទៅ ១,៨ ភាគរយនៅឆ្នាំ ២០២៥ មានន័យថា ប្រទេសអភិវឌ្ឍមានការកើនឡើងតិចតួចប្រហែល ០,១ ភាគរយ ពីឆ្នាំ ២០២៤ ទៅ ២០២៥ ហើយបន្តស្ថិតស្ថេរនៅឆ្នាំ ២០២៦ ដែលនាំឱ្យមានការធ្លាក់ចុះនៃកំណើននៅក្នុងទីផ្សារ និងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍពី ៤,២ ភាគរយក្នុងឆ្នាំ ២០២៤ ថយចុះមក ៤,១ ភាគរយក្នុងឆ្នាំ ២០២៥ និងបន្តធ្លាក់ចុះមកនៅត្រឹម ៤,០ ភាគរយក្នុងឆ្នាំ ២០២៦។
លទ្ធផលកំណើនក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវបានគគេរំពឹងទុកថានឹងមានការថយចុះ 0,១ ភាគរយ នៅឆ្នាំ២០២៤ ទៅ ឆ្នាំ២០២៥ និងបន្តថយចុះ 0,១ ភាគរយ នៅឆ្នាំ២០២៥ ទៅឆ្នាំ២០២៦។ កក្តាចម្បងដែលនាំឲ្យមានការធ្លាក់ចុះនេះ បណ្តាលមកពីអត្រាការប្រាក់កើនឡើងខ្ពស់ បំណុលសាធារណៈមានភាពតានតឹងនៃភូមិសាស្ត្រនយោបាយសកល និងការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក។ អតិផរណាសកលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជាលំដាប់ ពី ៥,៩ ភាគរយក្នុងឆ្នាំ ២០២៤ ទៅ ៤,៥ ភាគរយនៅឆ្នាំ ២០២៥និង ៤,៤ភាគរយ នៅឆ្នាំ ២០២៦ ដោយសេដ្ឋកិច្ចប្រទេសអភិវឌ្ឍ ត្រូវបានព្យាករណ៍ថាកម្រិតអតិផរណាជាទីផ្សារដែលកំពុងរីកចម្រើននិងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនឹងមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២,២ភាគរយ ក្នុងឆ្នាំ ២០២៦ ដោយធនាគារពិភពលោក(World Bank)។ អតិផរណាស្នូលជាទូទៅត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ជាលំដាប់។ សេដ្ឋកិច្ចសកលនៅតែមានភាពរឹងមាំ ទោះបីជាធនាគារកណ្តាលមានការដំឡើងអត្រាការប្រាក់ ដើម្បីស្តារស្ថិរភាពតម្លៃក៏ដោយ។
នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការធ្លាក់ចុះបន្តិចដោយសារបញ្ហាតានតឹងនៅព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាមួយនឹងការព្យាករណ៍កំណើនធ្លាក់ចុះពី ៥,២ភាគរយ មកនៅត្រឹម ២,៥ភាគរយ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ពីការធ្លាក់ចុះនៃេសដ្ឋកិច្ចកម្ពុជារបស់ខ្លួននៅកម្រិត ៥,២ភាគរយ សម្រាប់ឆ្នាំ ២០២៥ មក ៤,៥ភាគរយ សម្រាប់ឆ្នាំ២០២៦ដោយសន្មតថា ការបន្តធ្លាក់ចុះនៃេសដ្ឋកិច្ចកម្ពុជានេះដោយសារភាពមិនច្បាស់លាស់នៃទីផ្សារសកល និង បញ្ហាតានតឹងនៅព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ា។
ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះបន្តិចបន្ទួចក៏ដោយប៉ុន្តែវិស័យឧស្សាហកម្ម និងកម្មន្តសាល និងវិស័យសេវាកម្ម និងទេសចរណ៍នៅតែរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និង វិស័យធនាគារ និងហិរញ្ញវត្ថុ រួមជាមួយនឹងអាជីវកម្មខ្នាតតូចរបស់កម្ពុជាដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺនៅតែជួបប្រទះនឹងបញ្ហាប្រឈមដែលសល់ពីជំងឺរាតត្បាតកូវីដ-១៩ ដែលប៉ះពាល់ដល់គន្លងនៃការងើបឡើងវិញនៃ វិស័យទាំងនោះ។ ដើម្បីសម្រួលដល់ស្ថានភាពក៏ដូចជាគាំទ្រការងើបឡើងវិញនៃវិស័យខាងលើ នៅចុងខែសីហា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញនូវសេចក្តីណែនាំថ្មីសម្រាប់ការរៀបចំឥណទានឡើងវិញដោយបន្ធូរបន្ថយតម្រូវការនៃការស្នើសុំហិរញ្ញវត្ថុ។ វិធានការថ្មីទាំងនេះនឹងចូលជាធរមានចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៤។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វាមីលី ក៏បានសហការជាមួយអតិថិជនរបស់យើងដើម្បីរៀបចំឡើងវិញនៃឥណទាន និងផ្តល់ការគាំទ្រដល់អ្នកដែលប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។
ឆ្នាំមុន មានការលំបាកជាខ្លាំងសម្រាប់គ្រឹះស្ថានរបស់យើង ដោយសារយើងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុមិនច្បាស់លាស់ ដែលបណ្តាលឱ្យយើងខាតបង់ប្រាក់ចំណេញ ។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ម្យ៉ាងវិញទៀតបញ្ហាតានតឹងនៅព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្តអូសបន្លាយ រួមផ្សំជាមួយនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបរិយាកាសនៃការផ្តល់ប្រាក់កម្ចីដ៏លំបាក បានធ្វើឱ្យអ្នកខ្ចីជាច្រើនមានការលំបាកក្នុងការបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុរបស់ពួកគេ។ ទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏យើងមិនអាចដោះស្រាយបានទាំងស្រុងនូវបញ្ហាប្រឈមទាំងនេះដែរ។ ទោះយ៉ាងណាក៏ដោយ យើងនៅតែរក្សាគោលំហរ និងទំនួលខុសត្រូវរបស់យើងចំពោះស្ថានភាពបច្ចុប្បន្ន។ យើងនឹងធ្វើការយ៉ាងសកម្មដើម្បីពិនិត្យមើលការអនុវត្តន៍ការផ្តល់ប្រាក់កម្ចី កែលម្អយុទ្ធសាស្រ្តគ្រប់គ្រង ហានិភ័យ ពង្រឹងដើមទុន និងលើកកម្ពស់និរន្តរភាពហិរញ្ញវត្ថុរបស់យើង។ ការផ្តោតសំខាន់របស់យើងគឺ ផ្តោតទៅលើការជួយដល់ប្រជាជនដែលខ្វះខាតក្នុងប្រទេសកម្ពុជា ហើយយើងប្តេជ្ញាធានាថា យើងនឹងផ្តល់សេវាកម្មយ៉ាងល្អដល់ប្រជាជន និងជួយប្រជាជនខ្មែរឲ្យមានជីវភាពធូរធារ។
ខណៈពេលដែលឆ្នាំនេះបាននាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន យើងមានទំនុកចិត្តថាវិធានការទាំងនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងភាគីដែលពាក់ព័ន្ធ នឹងអាចឱ្យយើងឆ្លងផុតពីភាពលំបាកផ្នែកហិរញ្ញវត្ថុបច្ចុប្បន្ន។ យើងប្តេជ្ញាកែលំម្អស្ថានភាពឲ្យបានល្អប្រសើរឡើងវិញ និងបន្តបំពេញបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហរិញ្ញវត្ថុដល់ប្រជាជន លើកស្ទួយជីវភាព និងសេដ្ឋកិច្ចជាតិ។
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់ម្ចាស់ភាគហ៊ុន បុគ្គលិក និងអតិថិជនរបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះ។ ការអត់ធ្មត់ និងការយោគយល់របស់អ្នកគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។
យើងនឹងខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរមុខមាត់ក្រុមហ៊ុនរបស់យើង និងធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការរីកចម្រើនប្រកបដោយនិរន្តរភាព នាពេលអនាគត។

